Tuesday, September 13, 2011

បទសរភញ្ញ

១.​ សូមថ្វាយបង្គំព្រះសម្ពុទ្ធ               ប្រសើរបំផុតក្នុងលោកា
     ជាគ្រូនៃមនុស្ស និងទេព្តា             ទ្រង់ត្រាស់ទេសនាប្រដៅសត្វ
     ចង្អុរឲ្យដើរផ្លូវកណ្តាល                 មាគ៌ាត្រកាលអាចកំចាត់
     ទុក្ខភ័យចង្រៃឲ្យឆ្ងាយបាត់          ​  អាចកាត់សង្សារៈទុក្ខបាន ។
២. សាសនាព្រះអង្គនៅសព្វថ្ងៃ           សត្វមាននិស្ស័យពីបុរាណ
     ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន       កាន់តាមលំអានបានក្តីសុខ
     ឥតមានសុខណាស្មើក្តីស្ងប់            បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
     តាំងពីលោកនេះតទៅមុខ                 ក្តីសុខនិងមានព្រោះធម៌ស្ងប់ ។
៣. ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌                   ព្រះសង្ឃបវរទាំងគ្រប់សព្វ
      រួមជាត្រៃរត្ន័គួរគោរព                     ជាម្លប់ត្រជាក់នៃលោកា
      ព្រះរូបព្រះធាតុនៃព្រះពុទ្ធ              វិសុទ្ធតាងអង្គព្រះសាស្តា
      សូមគុណត្រៃរត្ន័ជួយខេមរា           ឲ្យបានសុខាតរៀងទៅ។
    ​​​         (សម្តេចព្រះសង្ឃរាជ ជូន ណាត ជោតញាណោ)
     

No comments:

Post a Comment