Monday, September 5, 2011

កំហុសកូន

ថ្ងៃនេះជាថ្ងៃចេញលទ្ធផលនៃការប្រលងសញ្ញាបត្រ័មធ្យមសិក្សាបឋមភូមិ។ វីរៈមានអារម្មណ៏​ច្រាស់ច្រាល់ ភ័យផងអរផង។​ នាយយើងកំពុងតែរង់ចាំលទ្ធផលប្រលងដែលនឹងត្រូវប្រកាស និងបិទផ្សាយនាពេលបន្តិចទៀតខាងមុខនេះ។

...ម៉ែៗ...ពុក...ខ្ញុំប្រលងជាប់ហើយ។ វីរៈដែលទើបតែត្រឡប់មកដល់ផ្ទៈវិញបន្ទាប់ពីបានទៅមើលលទ្ធផលប្រលងបានស្រែកឡើង ដោយមិនទាន់ទាំងចុះពីលើកង់ស្រួលបួលផង។

...អូ៎...កូនខ្ញុំប្រលងជាប់ហើយ...ល្អណាស់កូន...ម៉ែសប្បាយចិត្តណាស់...មីងសំដែលកំពុងតែ ចិព្រ្ចាំប្រហុកជាមួយសាច់ជ្រូកសំរាប់ដាក់ ចំហុយដើម្បីរៀបចំអាហារថ្ងៃត្រង់ បន្លឺសំលេងឡើងដោយក្តីរំភើប។ ឯពូថុលដែលកំពុងតែអង្គុយលើគ្រែក្រោមផ្ទះ ជជែកលេងជាមួយពូគា ពូហួង តាឈាង និងគ្រូជឿន ដែលជាញាតិជិតខាងក៏ញញឹមមិនឈប់ដែរពេលឮកូនប្រាប់ដូច្នេះ។ ញាតិជិតខាងទាំងអស់បានចូលរួមសំដែងនូវការអបអរសារទវីរៈដែលទើបតែប្រលងជាប់ និងត្រូវចូលរៀននៅវិទ្យាល័យព្រះសីហនុ នៅទីរួមខេត្តកំពង់ចាម នាពេលបវេសនកាលខាងមុខនេះ។

ដោយសារពុំមានបងប្អូននៅទីរួមខេត្ត វីរៈក៏បានសំរេចចិត្តជួលផ្ទះដើម្បីស្នាក់នៅបន្តការសិក្សា។ ផ្ទះដែលវីរៈជួលមានបន្ទប់មួយចំនួន ហើយក៏មានសិស្សផ្សេងៗដែលមកពីតាមស្រុកភូមិនានា ជួលស្នាក់នៅដើម្បីបន្តការសិក្សារបស់ខ្លួនផងដែរ។ នៅឆ្នាំដំបូង និងឆ្នាំបន្ទាប់វីរៈរៀនបាន និទ្ទេសបង្គួរ។ តែក្រោយមកពេលចូលរៀននៅថ្នាក់ទី១២ វីរៈចាប់ផ្តើមប្រែប្រួល។

ជាធម្មជាតិរបស់មនុស្ស តែកាលណាចាប់ផ្តើមពេញវ័យបន្តិច តែងតែចេះពិចារណា នឹកគិត ឬនឹកឃើញនូវការស្រលាញ់។ នៅក្នុងថ្នាក់ទី១២ ដែលវីរៈកំពុងរៀន មានសិស្សសរុបចំនួន៤២នាក់ ក្នុងនោះមានសិស្សស្រី១០នាក់ និងសិស្សប្រុស៣២នាក់។ ក្នុងចំណោមសិស្សស្រីទាំង១០នាក់នេះ មាន​៥ ទៅ៦នាក់ជាកូនចៅចិនដែលមានរូបសម្បត្តិស្រស់ស្អាត និងមានជីវភាពធូរធា ហើយដែល មានសិស្សប្រុសៗជាច្រើនតាមចែចង់ ទាំងអ្នករៀននៅថ្នាក់ជាមួយគ្នា ទាំងអ្នករៀននៅថ្នាក់ផ្សេង។ ក្នុងចំណោមសិស្សប្រុសៗទាំងនោះ ក៏មានវីរៈម្នាក់ដែរដែលចាប់អារម្មណ៏ចង់រាប់អាន សិស្សស្រីស្អាតៗទាំងនោះ។ តែនាយយើងមិនហ៊ានបញ្ចេញអាកប្បកិរិយាឲ្យគេដឹងទេ គឺត្រឹមតែលួចគិតក្នុងចិត្តតែប៉ុណ្ណោះដោយហេតុថា ខ្លួនជាអ្នកក្រ។

សីហា រតនា និងវង្សា ជាមិត្តរួមថ្នាក់របស់វីរៈ និងសុទ្ធតែជាកូនអ្នកមានជីវភាពធូរធា។ ពួកគេទាំងបីនាក់ឧស្សាហ៏ហៅវីរៈដើរជាមួយ ព្រមទាំងប៉ាវវីរៈជាញឹកញ៉ាប់។ ការដើរលេងជាមួយកូនអ្នកមានវីរៈតែងតែឮនូវរឿងប្លែកៗតាមរយៈការជជែកគ្នា ជាពិសេសរឿងស្រី រឿងចូលបារ ច្រៀង Karaoke ។ល។

ថ្ងៃមួយចំពេលចូលឆ្នាំចិន...វីរៈឈលេងនៅមុខផ្ទះជួល ឃើញកូនចិនស្រីប្រុសស្អាតៗ ក្នុងសំលៀកបំពាក់សម័យទំនើបស៊ីវីល័យជិៈម៉ូតូថ្មីៗ បើកដើរលេងចុះឡើងៗ មើលទៅគួរឲ្យសប្បាយ...នាយយើងនឹកគិតក្នុងចិត្តថា "បើសិនជាអញមានម៉ូតូថ្មីនឹងគេ មិនដឹងជាសប្បាយយ៉ាងណាទេ...ម្លេះសមអញនឹងជិៈតាមញ៉ែកូនក្រមុំចិនៗទាំងនេះ បានផងមើលទៅ"។​ កុំពុងតែគិត​ស្រាប់តែសំលេងស៊ីផ្លេម៉ូតូ ទីតៗ បានបន្លឺឡើង វីរៈងាកទៅរកប្រភពសំលេង...
...ហ្អ៎ា...សីហា...ខ្ញំស្មានតែអ្នកណាគេ...ស្លៀកពាក់ខោអាវស្អាតបាត ជាមួយនឹងម៉ូតូថ្មីអព្ចឹាងទៅ សង្ហាមែនទែន...វីរៈលាន់មាត់
...សីហាញញឹមញញែម...និយាយទៅកាន់វីរៈថា...កុំបញ្ជោខ្ញុំអី...តោះស្លៀកពាក់មក...ទៅដើរលេង ជាមួយខ្ញុំ
...ចង់ទៅណាសីហា...វីរៈសួរ
...ជិះដើរលេងមើលគេមើលឯងមួយជុំ...បន្ទាប់មកទៅញ៉ាំបាយផ្ទៈអ៊ីរបស់គ្នា

វីរៈក៏ប្រញ៉ាប់ប្រញ៉ាល់ទៅស្លៀកពាក់។

អ្នកទាំងពីរបានចេញដំណើរតាំងពីម៉ោង១០ព្រឹករហូតដល់ម៉ោង៩យប់ទើបជូនវីរៈមកផ្ទៈវិញ។ វីរៈមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ព្រោះបានជិៈម៉ូតូថ្មីដើរលេង មានឱកាសមើលគេឯង ជាពិសេសមើលកូនក្រមុំគេស្អាតៗនៅទីរួមខេត្តកំពង់ចាម។​ បន្ទាប់ពីដើរលេងនាពេលយប់នោះ វីរៈចាប់ផ្តើមយល់ដឹងពីសារសំខាន់នៃសំភារៈសំរាប់បំរើភាពសប្បាយក្នុងយុវវ័យរបស់ខ្លួន។ ថ្វីត្បិតតែវីរៈបានដើរលេងសប្បាយ តែនាយយើងគេងមិនលក់សោះ ដោយចេះតែនឹកឃើញនូវ សកម្មភាពស្រស់ៗកាលពីពេលថ្ងៃ ព្រមទាំងនឹកតូចចិត្តនឹងវាសនាខ្លួនឯងដែលកើតមក ជាកូនអ្នកក្រ។

វីរៈតែងតែទៅផ្ទៈនៅរៀងរាល់ចុងសប្តាហ៏ ដើម្បីទៅជួបជុំឪពុកម្តាយ បងប្អូន ព្រមទាំងទៅ យកលុយ និងម្ហូបអាហារ (អង្ករ ត្រីប្រឡៈ ត្រសក់ចាវ...)ទុកញ៉ាំពីថ្ងៃចន្ទ័ដល់ថ្ងៃសុក្រ។ ផ្ទៈរបស់វីរៈនៅភូមិកោះសូទិន ក្នុងស្រុកកោះសូទិនដែលមានចំងាយប្រហែល ជា១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ នៅរៀងរាល់ល្ងាចថ្ងៃសុក្រ បន្ទាប់ពីចេញពីសាលា វីរៈក៏ដូចជាកូនសិស្សផ្សេងទៀតមួយចំនួន តែងតែនាំគ្នាទៅភូមិកំណើតរៀងៗខ្លួន។ ដើម្បីទៅដល់ផ្ទៈ វីរៈត្រូវជិៈកង់កាត់តាមភូមិកោះប៉ែន កោះមិត្ត កោះដាច់ កោះព្រលូង រួចទើបឆ្លងចូលដល់កោះសូទិនដែលជាភូមិកំណើតរបស់ខ្លួន។ ឪពុកម្តាយរបស់វីរៈ ហេតុតែចង់ឲ្យកូនបានរៀនខ្ពង់ខ្ពស់នឹងគេ ពួកគាត់បានខិតខំប្រឹងប្រែងធ្វើការទាំងថ្ងៃទាំង យប់ដោយមិនខ្លាចនឿយហត់ឡើយ។ ពួកគាត់ទាំងពីរក្រៅពីប្រកបរបរដាំថ្នាំជក់ បានឆ្លៀតដាំបន្លែបង្ការផ្សងៗដូចជាត្រសក់ ត្រឡាច ត្រប់ ដើម្បីលក់ដូរ សន្សំលុយសំរាប់ទុកឲ្យកូនដែលនឹងមកយកនៅរៀងរាល់ចុងសប្តាហ៏។

នៅរៀននៅទីរួមខេត្តកំពង់ចាម វីរៈតែងតែត្រូវបានមិត្តភក្រ័ប៉ាវ និងនាំដើរលេង ញឹកញ៉ាប់...ក្រោយមកដោយខ្លាចចិត្តមិត្តភក្រ័៖
...ថ្ងៃនេះគ្នាសុំចេញលុយម្តង...កុំព្រួយអី គ្នាទើបតែមកពីផ្ទៈ ទើបតែបានលុយ...វីរៈនិយាយទៅកាន់មិត្តភក្រ័ក្រោយពីញ៉ាំផ្លែឈើ និងទឹកក្រឡុកនៅយប់ថ្ងៃមួយរួច។
...វង្សាដែលជាមិត្តភក្រ័ លាន់មាត់ថា...អីយ៉ា សំណាងមែនថ្ងៃនេះ...វីរៈប៉ាវយើង...អព្ចឹាងទេយប់នេះយើងគួរបន្តកម្មវិធីទី២ ទៀតមែនទេ...ទុកឲ្យខ្ញុំជាអ្នកប៉ាវសំរាប់កម្មវិធីក្រោយនេះ។​
...Ok,...អព្ចឹាងយើងគួរទៅណា...រតនា​ និងសីហា និយាយព្រមគ្នា...
...ទៅរាំលេងនៅបារមេគង្គយ៉ាងម៉េចដែរ?...សីហា សួរ។

ក្រោយពីពិភាក្សាគ្នាហើយមិត្តភក្រ័ទាំងបួននាក់ ក៏បានទៅរាំ និងស៊ីផឹកនៅបារមេគង្គរហូតដល់យប់ជ្រៅទើបត្រឡប់មកផ្ទៈវិញ។

ការដើរលេងជារឿយៗ ថ្វីត្បិតតែមិត្តភក្រ័មិនសូវឲ្យវីរៈចេញលុយ តែយូៗម្តងវីរៈដែលរអៀសខ្លួន ក៏ជួយចេញ ក្រោយមកការចេញលុយកាន់តែញឹកញ៉ាប់ជាងមុន ធ្វើឲ្យការចំណាយរបស់វីរៈ កើនឡើងដែលជាបន្ទុកបន្ថែមសំរាប់ឪពុកម្តាយនៅឯស្រុក...ម្យ៉ាងវិញទៀត វីរៈកម្រនឹងប្រកែកជាមួយមិត្តភក្រ័ណាស់ ឲ្យតែគេបបួលទៅណាវីរៈតែងតែទៅតាមគេ ជានិច្ច...សុខចិត្តទុកកិច្ចការសាលាចោល...ទៅដើរលេងសិន រហូតដល់មើលទៅ វីរៈហាក់ដូចជាអង្គរក្ស ឫជាកូនចៅរបស់មិត្តភក្រ័ដែលជាកូនអ្នកមាន។

...ពុក ម៉ែ ប៉ុន្មានខែនេះ កូនចំណាយច្រើនបន្តិចហើយដោយសារគ្រូគាត់បើកបង្រៀនគួរ ហើយសិស្សភាគច្រើនទៅរៀនជាមួយគាត់...ដូច្នេះខ្ញុំក៏...
...អើមិនអីទេណាកូន ឲ្យតែកូនខិតខំរៀនសូត្រ ពុក ម៉ែ សប្បាយចិត្តណាស់ហើយ មីងសំឆ្លើយកាត់សំដីរបស់វីរៈ

ពូថុល និងមីងសំថ្ងៃនេះ គាត់មិនហ៊ានប្រាប់កូនថាគ្មានលុយទេ...រសៀលបន្តិចគាត់ ក៏បានទៅខ្ចីលុយពីចិនលក់អីវ៉ាន់ម្នាក់នៅក្នុងភូមិដើម្បីឲ្យកូន ទៅរៀន។ វីរៈពេលបានលុយហើយ ត្រេកអរណាស់ បន់ឲ្យតែដល់ស្អែកឡើងនិងអាលសុំឪពុកម្តាយត្រឡប់មកទីរួមខេត្តវិញ។

..."អ្ហើយ...អីក៏យូម្លេះ អីក៏ក្រដល់ព្រឹកម្លេះ..." វីរៈអន្ទះអន្ទែងក្នុងចិត្ត

អារម្មណ៏របស់វីរៈមិនសូវយកចិត្តទុកដាក់លើការសិក្សាទៀតទេ រៀនយកតែឲ្យរួចខ្លួន ដោយមិនគិតពីចំណេះដឹងអ្វីឡើយ។ ពេលខ្លះលួចចំលងពីមិត្តភក្រ័...វីរៈវក់នឹងការដើរលេង ស៊ីចាយសប្បាយជាមួយមិត្តភក្រ័...ថែមទាំងលួចស្រលាញ់កូនក្រមុំអ្នកលក់អីវ៉ាន់ម្នាក់ នៅក្បែរផ្ទះជួលទៀតផង។

ពេលប្រលងសញ្ញាបត្រ័មធ្យមសិក្សាទុទិយភូមិ ទាំងវីរៈ សីហា វង្សា និងរតនា សុទ្ធតែប្រលងធ្លាក់។ សីហា បានទៅធ្វើការនៅខេត្តបាត់ដំបងជាមួយពូរបស់គេជាថៅកែម៉ាស៊ីនស្រូវ។ វង្សាត្រូវបានមីងរបស់គេធានាយកទៅរស់នៅឯប្រទេសនូវែលហ្សេឡង់។ ចំណែកឯរតនានៅជួយមើលហាងមាសឪពុកម្តាយរបស់គេនៅទីរួមខេត្ត។ ដោយឡែកវីរៈ មិនមានអ្វីជាទីពឹងដូចមិត្តភក្រ័របស់ខ្លួនឡើយ ក៏សំរេចចិត្តត្រលប់ទៅស្រុកវិញទាំងមិន ស្រួលក្នុងចិត្ត ព្រោះពិបាករកការងារធ្វើ ដោយសារតែទីផ្សារការងារចង្អៀត ហើយម្យ៉ាងទៀតខ្លួនគ្មានចេះអ្វីឲ្យពិតប្រាកដផងនោះ។ ពេលទៅដល់ផ្ទៈវិញទើបវីរៈដឹងថាឪពុក ម្តាយរបស់ខ្លួនបានជំពាក់បំណុលគេយ៉ាងច្រើន ព្រមទាំងលក់គោដែលគាត់ខំ ចិព្ចឹាមចំនួនពីរក្បាលទៀតដើម្បីផ្គត់ផ្គង់កូនឲ្យរៀន។ វីរៈមានការអៀនខ្មាស់ និងសោកស្តាយនូវទង្វើរបស់ខ្លួនយ៉ាងខ្លាំង មិនគួរណាយកលុយដែលឪពុកម្តាយ ខិតខំរកទាំងត្រដាបត្រដួស ពេលខ្លះរត់ទៅខ្ចីលុយគេទាំងយប់ រហូតដល់ទៅលក់គោរបស់ខ្លួនទៀតដើម្បីផ្គត់ផ្គង់កូនឲ្យបានរៀន...តែខ្លួនមិនប្រឹងរៀន បែជាយកលុយដែលជាកំលាំងញើសឈាមរបស់អ្នកមានគុណ មកចាយវាយដើរលេងសប្បាយផ្តេសផ្តាសទៅវិញ។​ ក្រោយមកវីរៈក៏បានសុំឪពុកម្តាយបួសជាព្រះសង្ឃ ហើយគង់នៅវត្តក្នុងភូមិរបស់ខ្លួនរហូតមក។

វៀងចន្ទ័ ថ្ងៃទី៧​ ខែមករា ឆ្នាំ២០១១
By Temple Boy

1 comment:

  1. សូមមេត្តាជួយប្រែជាភាសាអង់គ្លេសមកផងបាទ!

    ដោយក្តីគោរព

    ReplyDelete